គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

កម្ពុជា និងរវ៉ាន់ដា បើកទំព័រក្របខណ្ឌកិច្ចសហប្រតិបត្តិការវិនិយោគរួមគ្នា សំដៅពង្រឹងភាពជាដៃគូសេដ្ឋកិច្ច ទាក់ទាញវិនិយោគ និងការផ្លាស់ប្តូរឧត្តមានុវត្តន៍សេដ្ឋកិច្ច

ភ្នំពេញ÷ទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Bakuramutsa NKUBITO MANZI ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋរវ៉ាន់ដា ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចការងារនៅកម្ពុជា។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមអគ្គលេខាធិការ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការី។ ក្នុងឱកាសនោះ ឯកឧត្តមបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងការវិនិយោគទ្វេភាគី សំដៅលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព បង្កើនភាពធន់ និងទាក់ទាញរំហូរវិនិយោគប្រកបដោយគុណភាព។ ទន្ទឹមនឹងនេះ ឯកឧត្តមអគ្គលេខាធិការ ក៏បានកោតសរសើរចំពោះសមិទ្ធផលលេចធ្លោរបស់រ៉្វាន់ដាក្នុងការធ្វើពិពិធកម្ម និងបំប្លែងទម្រង់សេដ្ឋកិច្ច ការជំរុញការវិនិយោគ ព្រមទាំងការអភិវឌ្ឍវិស័យឯកជន ដើម្បីជាមូលដ្ឋានក្នុងការផ្លាស់ប្តូរបទពិសោធ និងឧត្តមានុវត្តន៍ល្អៗទៅវិញទៅមក។
ជាមួយគ្នានេះ ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្តូរយោបល់លើលទ្ធភាពនៃការរៀបចំអនុស្សារណៈនៃការយោគយល់គ្នា (MoU) រវាងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង Rwanda Development Board - RDB ដើម្បីបង្កើតជាក្របខ័ណ្ឌគតិយុត្តរួមមួយក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើការទាក់ទាញការវិនិយោគ ការសម្របសម្រួលធុរកិច្ច និងការតភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរ។

ជាចុងបញ្ចប់ ភាគីទាំងពីរបានបង្ហាញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងត្រៀមខ្លួនជាស្រេចក្នុងការបន្តកិច្ចសហការយ៉ាងជិតស្និទ្ធ ប្រកបដោយស្មារតីមិត្តភាព ការយោគយល់ និងការគោរពគ្នាទៅវិញទៅមក សំដៅប្រែក្លាយគំនិតផ្តួចផ្តើមនានាឱ្យទៅជាសកម្មភាពកិច្ចសហប្រតិបត្តិការជាក់ស្តែង ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រជាជាតិទាំងពីរ។

Post a Comment (0)
Previous Post Next Post

sponser

 

Social