ភ្នំពេញ÷ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសកម្មភាពប្រកបដោយវិជ្ជាជីវៈ និងស្មារតីមនុស្សធម៌របស់មន្ត្រីនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានជួយអន្តរាគមន៍បើកផ្លូវសម្រួលដល់រថយន្តដឹកស្ត្រីមានផ្ទៃពោះទៅសម្រាលបុត្រនៅមន្ទីរពេទ្យបានទាន់ពេលវេលា។
ឯកឧត្តម អភិសន្តិបណ្ឌិត បានគូសបញ្ជាក់ថា សកម្មភាពដ៏ប្រពៃនេះបានធ្វើឱ្យសាធារណជន ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម បញ្ចេញមតិគាំទ្រយ៉ាងច្រើន ហើយថែមទាំងបានដាស់ស្មារតីយើងគ្រប់គ្នាឱ្យឃើញថា អំពើល្អមិនចាំបាច់ត្រូវការពេលវេលា ទីកន្លែង តួនាទី ឬឋានៈបុគ្គលជាក់លាក់ណាមួយដើម្បីស្តែងឡើងនោះឡើយ។ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា សកម្មភាពទាំងអស់នេះមិនមែនជាការសម្តែងដើម្បីគ្រាន់តែបង្ហាញទៅកាន់ក្រសែភ្នែកអ្នកបើកបរ ឬសាធារណជនតាមដងផ្លូវនោះទេ ប៉ុន្តែវាជាកាតព្វកិច្ចខាងស្មារតីដ៏ជ្រាលជ្រៅប្រកបដោយសេចក្តីថ្លៃថ្នូរ និងគួរឱ្យគោរពបំផុត ក្នុងការជួយដោះស្រាយការលំបាកជូនប្រជាពលរដ្ឋ ទោះបីជាករណីខ្លះមិនមែនជាភារកិច្ចស្នូលរបស់ខ្លួនក៏ដោយ។
ក្នុងនាមរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងក្នុងនាមសេនាធិការលើការងាររដ្ឋបាលដែនដី សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងលើកទឹកចិត្តយ៉ាងខ្ពង់ខ្ពស់ដល់មន្ត្រីគ្រប់ថ្នាក់ និងគ្រប់ទីកន្លែង ឱ្យបន្តប្រកាន់ខ្ជាប់នូវស្មារតីជាវិជ្ជមាន និងអំពើល្អបែបនេះបន្ថែមទៀត ទាំងក្នុងការបំពេញតួនាទីភារកិច្ចតាមច្បាប់ ការគោរពបទវិន័យ និងក្នុងការទំនាក់ទំនងជាមួយប្រជាពលរដ្ឋ៕





