រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៦នេះ តំណាងអាជីវករជាង២០នាក់ ដែលធ្វើដំណើរមកពីបណ្តារាជធានី-ខេត្តផ្សេងៗគ្នា បានស្វែងរកកិច្ចអន្តរាគមន៍ពីក្រុមអ្នកសារព័ត៌មាន ដើម្បីជួយបំពងសំឡេង និងជួយស្នើសុំទៅកាន់ក្រុមហ៊ុនភេសជ្ជៈ «ខារ៉ាបាវ» (Carabao) និង «អ៉ីឈីតាន់» (Ichitan) ឱ្យទទួលប្តូរក្រវិលកំប៉ុង ដែលកំពុងកកស្ទះនៅក្នុងដៃអាជីវករម្នាក់ៗយ៉ាងច្រើនសន្ធឹកសន្ធាប់។
តំណាងក្រុមអាជីវករបានលើកឡើងថា ដើមចោទនៃបញ្ហានេះ គឺផ្តើមចេញពីការកាត់បន្ថយ និងបដិសេធមិននាំចូលផលិតផលភេសជ្ជៈបន្ថែមពីក្រុមហ៊ុនមកលក់បន្តទៀតនោះទេ ពោលគឺពួកគាត់លក់តែផលិតផលដែលនៅសល់ក្នុងស្តុកប៉ុណ្ណោះ។ទោះជាយ៉ាងណាក៏ដោយ ក្នុងស្មារតីទទួលខុសត្រូវចំពោះអតិថិជន និងដើម្បីរក្សាម៉ូយ ពួកគាត់នៅតែបន្តទទួលប្តូរក្រវិលកំប៉ុងត្រូវរង្វាន់ពីអតិថិជនជាហូរហែ ដែលកត្តានេះបានធ្វើឱ្យក្រវិលកំប៉ុងកកស្ទះនៅក្នុងដៃអាជីវករម្នាក់ៗរហូតដល់ទៅជាង ៣០០កេស ឬច្រើនជាងនេះ ដោយមិនអាចយកទៅប្តូរយកប្រាក់ ឬទំនិញថ្មីត្រឡប់មកវិញពីក្រុមហ៊ុនបានឡើយ។
ផ្អែកលើការប្រឈមមុខនឹងវិបត្តិហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរនេះ ក្រុមអាជីវករបានបញ្ជាក់ថា ពួកគាត់បានរៀបចំ និងដាក់ញត្តិស្នើសុំកិច្ចអន្តរាគមន៍ផ្លូវការទៅកាន់ក្រសួងស្ថាប័នពាក់ព័ន្ធចំនួនបី រួមមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
បន្ថែមពីលើការដាក់ញត្តិទៅកាន់ក្រសួងជំនាញ ក្រុមអាជីវករទាំងអស់ក៏បានសម្តែងនូវការគោរពស្នើសុំយ៉ាងទទូចចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាជួយអន្តរាគមន៍ និងស្វែងរកដំណោះស្រាយសមស្របជូនពួកគាត់ផង។
ក្រុមអាជីវករបានបន្ថែមទាំងទឹកភ្នែកថា ដើមទុនជាច្រើនត្រូវមកកកស្ទះលើក្រវិលកំប៉ុងទាំងនេះ ខណៈដែលម្នាក់ៗកំពុងតែជាប់បន្ទុកបំណុលធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលត្រូវបង់ការប្រាក់ជារៀងរាល់ខែ ធ្វើឱ្យជីវភាពគ្រួសារធ្លាក់ចូលក្នុងស្ថានភាពដុនដាបយ៉ាងខ្លាំង។
ពាក់ព័ន្ធនឹងករណីខាងលើនេះ អង្គភាពអ្នកសារព័ត៌មានយើង នៅមិនទាន់អាចសុំការបកស្រាយ ឬបញ្ជាក់បន្ថែមពីតំណាងក្រុមហ៊ុនភេសជ្ជៈ ខារ៉ាបាវ និងអ៉ីឈីតាន់ បាននៅឡើយទេនារសៀលថ្ងៃដដែលនេះ។
អង្គភាពយើងខ្ញុំរង់ចាំទទួលការឆ្លើយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធជានិច្ច ដើម្បីធានាបាននូវតម្លាភាព និងភាពត្រឹមត្រូវ ស្របតាមក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ៕













