ភ្នំពេញ÷ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកទឹកចិត្ត ជំរុញអោយក្រុមការងាររៀបចំសេវាអនឡាញ បន្តសហការជាមួយដៃគូ ពិនិត្យលទ្ធភាព បង្កើនមុខងារ និងភាពចាំបាច់របស់សេវាសាធារណៈ អនឡាញរបស់ខ្លួន ។
បច្ចុប្បន្ននេះប្រជាពលរដ្ឋអាចស្នើសុំ និងប្រើប្រាស់សេវាសាធារណៈអនឡាញ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់លើវិស័យសំខាន់ៗដូចជា សុរិយោដី និងសំណង់ តាមរយៈគេហទំព័រផ្លូវការរបស់ក្រសួង ដោយមានសេវាគោលៗដូចខាងក្រោម៖
១. សេវាសុរិយោដីតាមប្រព័ន្ធអឡិកត្រូនិក ការលក់ និងអំណោយផ្តាច់ ដូចជាសេវាផ្ទេរកម្មសិទ្ធិដីធ្លីតាមអនឡាញទូទាំងប្រទេស។ សេវាហ៊ីប៉ូតែក និងបញ្ចាំ រួមមានការដាក់បញ្ចាំ ឬដាក់ហ៊ីប៉ូតែកអចលនវត្ថុតាមប្រព័ន្ធឌីជីថល ការស្វែងរកព័ត៌មានក្បាលដី ដែលរួមមានពិនិត្យ និងឆែកព័ត៌មានក្បាលដីដោយបញ្ចូលលេខវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង)។ សេវាចុះបញ្ជី និងដោះស្រាយលើសំណើសុរិយោដីផ្សេងៗ ដែលត្រូវបានពង្រីកសាកល្បង និងដាក់ឱ្យប្រើប្រាស់ជាបន្តបន្ទាប់ ។
២. សេវាសំណង់តាមប្រព័ន្ធអេឡិចត្រូនិក ដូចជា ការស្នើសុំលិខិតអនុញ្ញាតសាងសង់ ។ការរុះរើ ឬជួសជុលដែលដាក់ពាក្យស្នើសុំ និងតាមដានដំណើរការសំណង់តាមអនឡាញ។ សេវាពិនិត្យ និងតាមដានសំណង់ ដូចជាការស្នើសុំសេវាបច្ចេកទេស និងត្រួតពិនិត្យផ្សេងៗពាក់ព័ន្ធនឹងវិស័យសំណង់៕ អត្ថបទ៖ ពេជ ប៊ុនរ៉ា អេបក្រសួងព័ត៌មាន (MoINFO APP)




