ភ្នំពេញ÷ក្នុងគោលបំណងបន្តជួយសម្រាលបន្ទុកជីវភាពគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ ដែលរងការប៉ះពាល់ពីពហុវិបត្តិដែលកម្ពុជា បាន និងកំពុងជួបប្រទះ, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ចេញនូវ កម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាល ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ ដែលរងកម្មវិបាកពីសម្ពាធថ្លៃប្រេង និងឧស្ម័នឥន្ធនៈ ដែលបើកផ្តល់ប្រាក់ឧបត្ថម្ភចាប់ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នេះ។
ពហុវិបត្តិកើតមានឡើងជាបន្តបន្ទាប់ ដែលកម្ពុជា បាន និងកំពុងជួបប្រទះរួមមានការផ្លាស់ប្តូររបបពាណិជ្ជកម្មសកល, ការកើនឡើងនៃភាពតានតឹងភូមិសាស្រ្តនយោបាយ, សង្រ្គាមឈ្លានពាន និងការរំលោភបំពានមកលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា,សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា និងវិបត្តិសកលផ្សេងៗមួយចំនួនទៀត ។ការផ្តល់ប្រាក់ឧបត្ថម្ភនេះនឹងផ្តល់ជាសាច់ប្រាក់បន្ថែមលើអត្ថប្រយោជន៍នានាដែលគ្រួសារមានបណ្ណសមធម៌ និងគ្រួសារងាយរងហានិភ័យ កំពុងតែទទួលបានពីរាជរដ្ឋាភិបាលស្រាប់ ដោយក្នុងមួយគ្រួសារនឹងទទួលបានប្រាក់ឧបត្ថម្ភបន្ថែម ៦ម៉ឺនរៀល និងសមាជិកគ្រួសារម្នាក់ៗ ៥ ពាន់រៀល បន្ថែមសម្រាប់អ្នករស់នៅរាជធានីភ្នំពេញ, អ្នករស់នៅទីប្រជុំជនក្រៅរាជធានីភ្នំពេញ ក្នុងមួយគ្រួសារនឹងទទួលបាន ៤ម៉ឺន៨ពាន់រៀល និងសមាជិកម្នាក់ៗ ៥ពាន់រៀលបន្ថែម, និងគ្រួសារនៅទីជនបទនឹងទទួលបាន ៤ម៉ឺនរៀលក្នុងមួយគ្រួសារ និងសមាជិកម្នាក់ៗ ៥ ពាន់រៀលបន្ថែម។ ការផ្តល់ប្រាក់ឧបត្ថម្ភនេះ នឹងធ្វើឡើងចំនួន ៤ លើក ក្នុងឆ្នាំ២០២៦ ក្នុងអំឡុងនៃការឡើងតម្លៃនៃប្រេង និងឧស្ម័នឥន្ទនៈ ដោយលើកទី១ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នេះ, លើកទី២ នៅថ្ងៃ១៦ ខែតុលា ឆ្នាំ២០២៦, លើកទី៣ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ និង លើកទី៤ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៦។កម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាល ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ ដែលរងកម្មវិបាកពីសម្ពាធថ្លៃប្រេង និងឧស្ម័នឥន្ធនៈ នឹងផ្តល់សាច់ប្រាក់ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះមាន បណ្ណសមធម៌ និងគ្រួសារមានបណ្ណងាយរងហានិភ័យ មានសុពលភាព ប្រមាណ ៤លាន ៦ សែននាក់ នៅទូទាំងប្រទេស។
សូមរម្លឹកជូនថា កន្លងមករាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាជាតិគាំពារសង្គម តែងតែគិតគូរ និងយកចិត្តទុកដាក់ជាប្រចាំ លើសុខុមាលភាព និងជីវភាពរស់នៅរបស់ពលរដ្ឋ ជាពិសេសក្នុងគ្រាមានគ្រោះអាសន្ន តាមរយៈការដាក់ចេញនូវកម្មវិធីអន្តរាគមន៍ពិសេសមួយចំនួន ដូចជា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩, កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារ ងាយរងហានិភ័យក្នុងអំឡុងមានសម្ពាធអតិផរណា ក៏ដូចជាកម្មវិធីអន្តរាគមន៍ពិសេសនានាជូន គ្រួសារភៀសសឹក ដោយសារជម្លោះព្រំដែន ផងដែរ៕ ផ្សាយ៖ កន ចំណាន






