ស្ទឹងត្រែង៖ លោកស្រី អៀវ វុទ្ធី បានដាក់ពាក្យបណ្តឹងជាផ្លូវការទៅកាន់ អយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ដើម្បីស្នើសុំអន្តរាគមន៍ ស្វែងរកយុត្តិធម៌ និងចាត់វិធានការតាមផ្លូវច្បាប់ ពាក់ព័ន្ធនឹងករណីដែលលោកស្រីអះអាងថា មានការឃុបឃិតរៀបចំឯកសារ និងផ្ទេរសិទ្ធិ ដើម្បីលក់ដីរបស់លោកស្រីដោយគ្មានការអនុញ្ញាតពីម្ចាស់ដី។
យោងតាមខ្លឹមសារនៃពាក្យបណ្តឹងដែលលោកស្រី អៀវ វុទ្ធី ដាក់ជូនស្ថាប័នអយ្យការ បានឱ្យដឹងថា បុគ្គលចំនួន៤នាក់ ត្រូវបានដើមបណ្តឹងរៀបរាប់ថា មានការពាក់ព័ន្ធនឹងករណីនេះ រួមមាន៖១. លោក អ៊ុំ សុភឿន មន្ត្រីនៅការិយាល័យធនធានមនុស្សសាលាខេត្តស្ទឹងត្រែង និងជាអតីតអភិបាលរងស្រុកឆែប ២. លោកស្រី ប៊ុន ណាវី ទំទប់ទី១ ឃុំអន្លង់ជ្រៃ៣. លោក ដាំ ភី ស្មៀនឃុំ ៤. លោក សយ សំណាង មេភូមិអន្លង់ជ្រៃ។តាមការអះអាងរបស់ដើមបណ្តឹង ដីដែលលោកស្រីអះអាងថាត្រូវបានលួចលក់ ឬផ្ទេរសិទ្ធិដោយគ្មានការអនុញ្ញាត មានទំហំសរុបប្រមាណ ១១ហិកតា ស្ថិតនៅភូមិអន្លង់ជ្រៃ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង និងចែកចេញជា២ទីតាំងទីតាំងទី១ ជាដីមានប្លង់រឹង ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ មានផ្ទៃដី ៤២,២១៣ ម៉ែត្រការ៉េ ទីតាំងទី២៖ ទទឹងខាងមុខ១០០ម៉ែត្រជម្រៅខាងកើត ៦៨០ ម៉ែត្រជម្រៅខាងលិច ៦៨០ ម៉ែត្រ ទទឹងខាងក្រោយ ៩៥ ម៉ែត្រជាដីមានប្លង់ទន់ ឬលិខិតផ្ទេរសិទ្ធិកាន់កាប់ និងប្រើប្រាស់ដីធ្លី។
លោកស្រី អៀវ វុទ្ធី បានអះអាងនៅក្នុងពាក្យបណ្តឹងថា លោកស្រីជាម្ចាស់សិទ្ធិស្របច្បាប់លើអចលនវត្ថុទាំងពីរទីតាំង ប៉ុន្តែលោកស្រីបានចោទប្រកាន់ថា បុគ្គលទាំង៤រូបខាងលើបានរួមគ្នារៀបចំឯកសារ និងធ្វើលិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លី ដោយលោកស្រីមិនបានដឹង និងមិនបានផ្តល់ការអនុញ្ញាតឡើយ ហើយឯកសារទាំងនោះត្រូវបានប្រើប្រាស់ក្នុងការផ្ទេរ ឬលក់ដីទៅឱ្យភាគីទី៣។
![]() |
ជាមួយគ្នានេះ លោកស្រី អៀវ វុទ្ធី បានឱ្យដឹងបន្ថែមថា ពាក់ព័ន្ធនឹងសំណុំរឿងខាងលើ សាលាដំបូងខេត្តស្ទឹងត្រែង ត្រូវបានលោកស្រីអះអាងថា បានចេញដីកាកោះហៅលោក អ៊ុំ សុភឿន ចំនួន២លើករួចមកហើយ ដើម្បីឱ្យចូលខ្លួនទៅបំភ្លឺពាក់ព័ន្ធនឹងសំណុំរឿង ប៉ុន្តែតាមការអះអាងរបស់លោកស្រី លោក អ៊ុំ សុភឿន មិនទាន់បានចូលខ្លួនទៅតុលាការតាមការកោះហៅទាំង២លើកនោះទេ។
លោកស្រីបានស្នើសុំឱ្យស្ថាប័នមានសមត្ថកិច្ចបន្តពិនិត្យ និងស្រាវជ្រាវលើសំណុំរឿងនេះឱ្យបានគ្រប់ជ្រុងជ្រោយ ជាពិសេសលើប្រភពឯកសារ ការផ្ទេរសិទ្ធិ និងប្រតិបត្តិការដែលពាក់ព័ន្ធនឹងអចលនវត្ថុខាងលើ ដើម្បីស្វែងរកការពិត និងផ្តល់យុត្តិធម៌ជូនភាគីដែលមានសិទ្ធិស្របច្បាប់។
ជុំវិញបញ្ហានេះ លោកស្រីក៏បានស្នើសុំឱ្យ អយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ពិនិត្យស្រាវជ្រាវលើឯកសារ និងសកម្មភាពពាក់ព័ន្ធទាំងអស់ ដើម្បីបញ្ជាក់ការពិត និងចាត់វិធានការតាមច្បាប់ ប្រសិនបើរកឃើញថាមានបទល្មើសកើតឡើងពិតប្រាកដ។ដើមបណ្តឹងក៏បានស្នើសុំទាមទារ សំណងចំពោះការខូចខាត និងការឈឺចាប់ផ្លូវចិត្ត ដែលលោកស្រីអះអាងថាបានកើតឡើង ព្រមទាំងស្នើឱ្យមានការការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់លោកស្រីលើអចលនវត្ថុខាងលើ។
គួរបញ្ជាក់ថា ការចោទប្រកាន់ និងព័ត៌មានអំពីការកោះហៅខាងលើ គឺជាការអះអាងរបស់លោកស្រី អៀវ វុទ្ធី និងជាខ្លឹមសារដែលមាននៅក្នុងសំណុំរឿងដែលលោកស្រីបានដាក់ជូនស្ថាប័នមានសមត្ថកិច្ច។ ភាគីដែលត្រូវបានរៀបរាប់ក្នុងពាក្យបណ្តឹង នៅតែមានសិទ្ធិបកស្រាយ បំភ្លឺ និងការពារខ្លួនតាមនីតិវិធីច្បាប់ ហើយការកំណត់ថាមានកំហុស ឬគ្មានកំហុស ត្រូវអាស្រ័យលើការស៊ើបអង្កេត ភស្តុតាង និងការសម្រេចរបស់ស្ថាប័នតុលាការ។
![]() |
ជុំវិញនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ សូមអគុណ៕
















