ខេត្តកណ្តាល៖៖ នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមជាមួយលោកឪពុក អ្នកម្តាយ សហការី ព្រមទាំងកូនៗសមាជិការបស់សមាគមកាយឫទ្ធិនារីកម្ពុជា និងពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើនកុះករ បានអញ្ជើញចូលរួមកាន់វេនបិណ្ឌទី៨ នៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា (ភ្នំព្រះរាជទ្រព្យ) ដែលស្ថិតនៅក្នុងភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។
នៅក្នុងឱកាសប្រកបដោយទឹកចិត្តជ្រះថ្លានេះ លោកជំទាវបណ្ឌិត រួមជាមួយក្រុមគ្រួសារ និងសហការី បាននាំយកមកនូវចង្ហាន់ ភេសជ្ជៈ គ្រឿងឧបភោគបរិភោគ ទេយ្យទានផ្សេងៗ ព្រមទាំងបច្ច័យ យកទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា។បន្ថែមពីនេះ ពិធីសាសនាត្រូវបានរៀបចំឡើងយ៉ាងកកកុញ រួមមានការរាប់បាត និងពិធីបង្សុកូល ដើម្បីឧទ្ទិសកុសលផលបុណ្យទាំងឡាយ ជូនចំពោះដួងវិញ្ញាណក្ខន្ធបុព្វការីជន ជីដូនជីតា និងញាតកាទាំង៧សន្តានដែលបានចែកឋានទៅកាន់លោកខាងមុខ។
ជាមួយគ្នានេះដែរ កុសលផលបុណ្យនេះក៏ត្រូវបានឧទ្ទិសជូនដល់ដួងវិញ្ញាណក្ខន្ធ វីរយុទ្ធជន វីរយុទ្ធនារី និងបុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានពលីសាច់ស្រស់ឈាមស្រស់ក្នុងការបម្រើជាតិ និងការពារបូរណភាពទឹកដីនៃមាតុភូមិកម្ពុជា សូមឱ្យបានទៅកាន់សុគតិភព និងទទួលបាននូវសេចក្តីសុខសន្តិភាពជានិរន្តរ៍៕















