ភ្នំពេញ ÷តាមមាត្រា៩ នៃអនុក្រឹត្យស្ដីពីការរៀបចំនឹងការប្រព្រឹត្តទៅរបស់ក្រសួងមហាផ្ទៃ អគ្គលេខាធិការដ្ឋាន មានតួនាទីធ្វើជាសេនាធិការជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលមានភារកិច្ច ទទួលពិនិត្យ និងចាត់ចែងនូវរាល់លិខិតចេញ-ចូលដែលអង្គភាពចំណុះទីស្តីការក្រសួង ស្ថាប័ននិងអង្គភាពពាក់ព័ន្ធនានា បញ្ជូនបញ្ជារបស់រដ្ឋមន្ត្រីទៅបណ្តាអង្គភាពចំណុះក្រសួងមហាផ្ទៃ និងសាលារាជធានី ខេត្ត ទំនាក់ទំនងសាធារណៈ សហការពិនិត្យដោះស្រាយទទួល បញ្ជូនលិខិតស្នាមរដ្ឋបាលឯកសារផ្សេងៗ ទំនាក់ទំនង សម្របសម្រួលជាមួយខុទ្ទកាល័យរបស់រដ្ឋមន្ត្រី ស្ថាប័នពាក់ព័ន្ធ និងប្រព័ន្ធផ្សព្វផ្សាយ។
អនុក្រឹត្យដដែលក៏បានកំណត់ឱ្យ អគ្គលេខាធិការដ្ឋានមានភារកិច្ចសហការសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ អង្គភាពចំណុះក្រសួង រៀបចំកាលវិភាគបំពេញការងារ ជូនរដ្ឋមន្ត្រី និងតាមដានការអនុវត្តទាំងនេះឱ្យស្របតាមកាលវិភាគដែលបានកំណត់ សហការ សម្របសម្រួល ជាមួយអង្គភាពចំណុះក្រសួង រដ្ឋបាលថ្នាក់ក្រោមជាតិ ទំនាក់ទំនងសហការសម្របសម្រួលការងារអន្តរជាតិ ជាមួយស្ថានទូត ក្រសួងមហាផ្ទៃ ក្រសួងសន្តិសុខជាតិនៃបណ្តាប្រទេសនានា ទាំងក្នុងតំបន់និងសកលលោក។បន្ថែមពីនេះ អគ្គលេខាធិការដ្ឋាន ក៏មានភារកិច្ចសិក្សាគោលការណ៍ និងរៀបចំផែនការសកម្មភាពព័ត៌មានវិទ្យារបស់ក្រសួងដែលពាក់ព័ន្ធនឹងវិស័យសន្តិសុខ អភិបាលកិច្ចនិងការអភិវឌ្ឍ ប្រមូលព័ត៌មានទិន្នន័យ តាមដានសារព័ត៌មាន និងឯកសារផ្សេងៗដែលត្រូវផ្សព្វផ្សាយលើគេហទំព័រ ដើម្បីបកស្រាយបំភ្លឺនិងឆ្លើយតប តាមដានការប្រតិបត្តិនូវរាល់លិខិតបទដ្ឋានគតិយុត្ត បទបញ្ជា សេចក្តីជូនដំណឹង ផែនការណែនាំ របស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ រៀបចំដំណើរបេសកកម្ម ទស្សនកិច្ចក្នុង និងក្រៅប្រទេសជូនថ្នាក់ដឹកនាំក្រសួង រៀបចំកិច្ចប្រជុំសន្និបាត សន្និសីទ សិក្ខាសាលា ពិធីបុណ្យផ្សេងៗ និងទទួលបដិសណ្ឋារកិច្ចភ្ញៀវជាតិ និងអន្តរជាតិ និងរៀបចំសេចក្តីព្រាងលិខិតបទដ្ឋាននានា ដែលមានការពាក់ព័ន្ធដល់សមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ។
មិនទាន់អស់ឡើយ អគ្គលេខាធិការដ្ឋាន ក៏មានភារកិច្ច ការពារសន្តិសុខ សណ្តាប់ធ្នាប់ រៀបចំតុបតែង ថែរក្សាអនាម័យបរិវេណទីស្តីការក្រសួងមហាផ្ទៃ គ្រប់គ្រងឯកសារ ការងារបុគ្គលិក ការងារភស្តុភារ និងគណនេយ្យរបស់ថ្នាក់ដឹកនាំក្រសួង មន្ត្រី រាជការស៊ីវិល និងមន្ត្រីនគរបាលជាតិ ស្ថិតក្នុងក្របខ័ណ្ឌអគ្គលេខាធិការដ្ឋាន។ គ្រប់គ្រងមន្ត្រីរាជការស៊ីវិលនិងមន្ត្រីនគរបាលជាតិ ក្រោមឱវាទ ធ្វើការវាយតម្លៃស្នើសុំតែងតាំងមុខ តំណែង ផ្ទេរភារកិច្ច ដំឡើងឋានន្តរស័ក្តិ ថ្នាក់ លើកសរសើរ ឬដាក់វិន័យ ធ្វើរបាយការណ៍បូកសរុបលទ្ធផលការងារ និងទិសដៅបន្តរបស់ក្រសួងមហាផ្ទៃ និងអគ្គលេខាធិការដ្ឋាន ទទួលអនុវត្តភារកិច្ច និងសិទ្ធិផ្សេងៗទៀតដែលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រគល់ឱ្យ។
សូមបញ្ជាក់ថា អគ្គលេខាធិការដ្ឋានបច្ចុប្បន្ន ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត សុផានិត អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ៕
ដោយ កញ្ញា សេង សុខហ៊ុន
មន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ