ឧត្តមានជ័យ÷ នៅថ្ងៃសៅរ៍ ២រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកនូវការពរជ័យសិរីសួស្តី ជូនដល់វីរយោធិនដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅសមរភូមិមុខ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
ដំណើរទស្សនកិច្ចចុះសួរសុខទុក្ខនេះ ត្រូវបានធ្វើឡើងនៅទិសយោធភូមិភាគទី៥ ដែលគ្របដណ្តប់លើភូមិសាស្ត្រខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ដើម្បីជាការលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធ មុនពេលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ។![]() |
ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបួងសួងសុំសិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការ ជូនចំពោះមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ក្នុងជួរកងយោធពលខេមរភូមិន្ទ។
ជាទីបញ្ចប់ ឯកឧត្តម នាយឧត្តមសេនីយ៍ បានជូនពរដល់កងកម្លាំងទាំងអស់ សូមជួបប្រទះតែពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ដើម្បីមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ក្នុងការបន្តបេសកកម្មដ៏មានតម្លៃនេះ ជូនជាតិមាតុភូមិនៃយើងជារៀងរហូតតទៅ៕









