គេហទំព័រ (www.mnsp-news.com.kh) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

ក្រុមហ៊ុន MinebeaMitsumi Inc. បន្តពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា

ភ្នំពេញ÷នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Yoshihisa Kainuma អគ្គនាយកប្រតិបត្តិក្រុមហ៊ុន MinebeaMitsumi Inc. និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប, លោកអគ្គនាយកប្រតិបត្តិក្រុមហ៊ុន បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធ ដែលតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន MinebeaMitsumi Inc. នៅកម្ពុជា រហូតទទួលបានសមិទ្ធផល និងជោគជ័យ ជាទីមោទនៈ ដូចសព្វថ្ងៃនេះ។ លោកអគ្គនាយកប្រតិបត្តិ ក៏បានគោរពជម្រាបជូនសម្តេចធិបតីអំពីវឌ្ឍនភាពអាជីវកម្ម និងគម្រោងសម្ពោធរោងចក្រថ្មីនៅកម្ពុជា ព្រមទាំងផែនការក្នុងការពង្រីកការវិនិយោគបន្ថែមទៀត របស់ក្រុមហ៊ុននៅកម្ពុជា។
លោកអគ្គនាយកបានបញ្ជាក់ថា ភាពជោគជ័យ និងការរីកចម្រើនរបស់ក្រុមហ៊ុន ជាកត្តាទាក់ទាញវិនិយោគិនជប៉ុនផ្សេងទៀតឱ្យមកបណ្តាក់ទុននៅកម្ពុជា ហើយក្រុមហ៊ុននៅតែមានជំនឿទុកចិត្តលើបរិយាកាស និងស្ថិរភាពនៃការវិនិយោគ នៅកម្ពុជា។​ ជាមួយគ្នានេះ, ក្រុមហ៊ុននឹងប្រារព្ធពិធីអបអរសាទរខួបទី១៥​ឆ្នាំ​ នៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជា នាខែធ្នូ​ខាងមុខ។ ​
ជាការឆ្លើយតប, សម្តេចធិបតី បានសម្តែងនូវសេចក្តីសោមនស្សរីករាយចំពោះវឌ្ឍនភាព និងភាពជោគជ័យរបស់ក្រុមហ៊ុន MinebeaMitsumi Inc. នៅកម្ពុជា ដោយបានគូសបញ្ជាក់ថា ជោគជ័យរបស់ក្រុមហ៊ុន MinebeaMitsumi Inc. ក៏ជាជោគជ័យរបស់កម្ពុជាផងដែរ។ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រ, ធានាបរិយាកាសអំណោយផលសម្រាប់វិនិយោគិន និងបន្តធានាបរិយាកាសវិនិយោគប្រកបដោយភាពធន់ និងភាពប្រកួតប្រជែងខ្ពស់។ ទន្ទឹមនឹងនេះ, សម្តេចធិបតីបានលើកឡើងអំពីការដាក់ចេញនូវគោលនយោបាយ និងយន្តការចាំបាច់នានា ដើម្បីសម្របសម្រួលដល់ការធ្វើធុរកិច្ច​ និង ការវិនិយោគនៅកម្ពុជា រួមមាន៖ ការធ្វើកំណែទម្រង់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC), ការជំរុញ គាំទ្រដល់វិស័យសហគ្រាសធុនតូច និងមធ្យម (SMEs) ឱ្យកាន់តែរឹងមាំ និងការផ្តល់ការលើកទឹកចិត្តតាមរយៈការអនុគ្រោះពន្ធលើវិស័យសក្ដានុពល​ និងយុទ្ធសាស្រ្តរបស់កម្ពុជា។

មុននឹងបញ្ចប់, សម្តេចធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុន MinebeaMitsumi Inc. ពិនិត្យលទ្ធភាពវិនិយោគបន្ថែមលើខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងស្រុក, ស្វែងរកដៃគូសក្តានុពលក្នុងស្រុក និងបន្តកិច្ចសហការជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការវិនិយោគ ក៏ដូចជាចាប់យកឱកាសថ្មីៗក្នុងការរីកចម្រើនទៅមុខជាមួយកម្ពុជា៕

Post a Comment (0)
Previous Post Next Post

sponser

 

Social